Bible Reader



ព្រះ‌ជាម្ចាស់​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពី​ស្រុក​អេស៊ីប

ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប

1 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​មក​នៅ​ស្រុក​អេស៊ីប​ជា​មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​គឺ​មាន: 2រូបេន ស៊ីម្មាន លេវី យូដា 3អ៊ីសា‌ខារ សាប់យូ‌ឡូន បេន‌យ៉ាមីន 4ដាន់ ណែប‌ថាលី កាដ និង​អេ‌ស៊ើរ។ 5ពូជ‌ពង្ស​របស់​លោក​យ៉ាកុប​មាន​ចំនួន​ទាំង​អស់​ចិត‌សិប​នាក់។ រីឯ​លោក​យ៉ូសែប​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​ស្រាប់​ហើយ។ 6ក្រោយ​មក លោក​យ៉ូសែប និង​បង‌ប្អូន​របស់​លោក ព្រម​ទាំង​កូន​ចៅ​របស់​លោក​យ៉ាកុប​មួយ​ជំនាន់​នោះ​បាន​ស្លាប់​អស់​ទៅ។ 7ជន‌ជាតិ​អ៊ីស្រា‌អែល​បង្កើត​កូន​ចៅ​បន្ត​ពូជ‌ពង្ស​កើន​ចំនួន​ច្រើន​សន្ធឹក‌សន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាស‌ពេញ​ក្នុង​ស្រុក​អេស៊ីប។

8 មាន​ស្ដេច​ថ្មី​មួយ​អង្គ​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប។ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។ 9ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​អេស៊ីប​ថា៖ «ឥឡូវ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​ពួក​យើង។ 10ដូច្នេះ យើង​ត្រូវ​មាន​វិធាន‌ការ​ទប់‌ស្កាត់​ពួក​គេ កុំ​ឲ្យ​កើន​ចំនួន​ច្រើន​ឡើង​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​ណា​កើត​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​ខ្មាំង​សត្រូវ ដើម្បី​វាយ​យើង ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។ 11ជន‌ជាតិ​អេស៊ីប​បាន​តែង‌តាំង​មេ​ត្រួត‌ត្រា​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ជន‌ជាតិ​អ៊ីស្រា‌អែល​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាម‌សេស សម្រាប់​ដាក់​ភោគ​ទ្រព្យ​របស់​ព្រះចៅ​ផារ៉ោន។ 12ប៉ុន្តែ ជន‌ជាតិ​អេស៊ីប​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​ខ្លាំង​យ៉ាង​ណា ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​រឹត​តែ​ច្រើន​ឡើង ហើយ​រស់​នៅ​ពាស‌ពេញ​ស្រុក​យ៉ាង​នោះ​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច។ 13ពេល​នោះ ជន‌ជាតិ​អេស៊ីប​ចាត់​ទុក​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ទាសករ ហើយ​បង្ខិត‌បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ាង​ធ្ងន់‌ធ្ងរ។ 14គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​វេទនា​ខ្លោច‌ផ្សា គឺ​ប្រើ​ឲ្យ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចម្ការ ពោល​គឺ​ប្រើ​ឲ្យ​ធ្វើ​ការ‌ងារ​ដ៏​ធ្ងន់‌ធ្ងរ​គ្រប់​យ៉ាង។

ព្រះចៅ​ផារ៉ោន​ធ្វើ​ទុក្ខ​ទោស​ជន‌ជាតិ​អ៊ីស្រា‌អែល

15ស្ដេច​ស្រុក​អេស៊ីប​បញ្ជា​ទៅ​ឆ្មប​ពីរ​នាក់ ម្នាក់​ឈ្មោះ​នាង​ស៊ីប្រា ម្នាក់​ឈ្មោះ​នាង​ពូអា ដែល​ជួយ​ស្ត្រី​ហេប្រឺ​ថា៖ 16«កាល​ណា​អ្នក​បង្កើត​កូន​ឲ្យ​ស្ត្រី​ហេប្រឺ ចូរ​ពិនិត្យ​មើល​កូន​ដែល​កើត​មក​នោះ ប្រសិន​បើ​ជា​កូន​ប្រុស ត្រូវ​សម្លាប់​ចោល ប្រសិន​បើ​ជា​កូន​ស្រី ចូរ​ទុក​ឲ្យ​វា​រស់​ចុះ»។ 17ប៉ុន្តែ ឆ្មប​ទាំង​ពីរ​នាក់​នោះ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ គាត់​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ស្រុក​អេស៊ីប​ទេ គឺ​គាត់​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់​ដែរ។ 18ស្ដេច​ស្រុក​អេស៊ីប​ក៏​កោះ​ហៅ​ឆ្មប​ទាំង​ពីរ​នាក់​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ ម្ដេច​ក៏​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់?»។ 19ឆ្មប​ទាំង​ពីរ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ស្ត្រី​ជាតិ​ហេប្រឺ​មិន​ដូច​ស្ត្រី​ជាតិ​អេស៊ីប​ទេ ស្ត្រី​ទាំង​នោះ​រឹង‌ប៉ឹង​ណាស់ គឺ​មុន​ឆ្មប​ទៅ​ដល់ នាង​សម្រាល​កូន​រួច​ស្រេច​ទៅ​ហើយ»។ 20ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឆ្មប​ទាំង​ពីរ។ ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​ជា​ច្រើន ហើយ​មាន​កម្លាំង​កាន់​តែ​ខ្លាំង។ 21ដោយ​ឆ្មប​ទាំង​ពីរ​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​គ្រួសារ​របស់​គាត់​បាន​ចម្រុង‌ចម្រើន។

22 បន្ទាប់​មក ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​ដល់​ប្រជា‌ជន​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​យក​កូន​ប្រុស​សាសន៍​ហេប្រឺ​ដែល​ទើប​នឹង​កើត​ទាំង​ប៉ុន្មាន ទៅ​បោះ​ចោល​ក្នុង​ទន្លេ​នីល ចូរ​ទុក​ជីវិត​ឲ្យ​តែ​កូន​ស្រីៗ​ប៉ុណ្ណោះ!»។